fbpx

Helistar ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​​ដ៏​ធំ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្រុម​​ហ៊ុន​ទទួល​បាន​ការ​រី​កចម្រើន​ជា​បន្ត​បន្ទាប់​ដោយ​សារ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ផ្នែក​គ្រប់​គ្រង់​ របស់​លោក​នាយក​ប្រតិបត្តិ Samnang Hin ជា​អតីត​ជន​ភៀស​ខ្លួន​មួយ​រូប ក្រោយ​សង្គ្រាម​ឆ្នាំ១៩៨៥​។ កំឡុង​ពេល​ជិត ៩ ឆ្នាំ​នេះ លោក​បាន​ធ្វើ​ការ​ជាច្រើន​ ដើម្បី​រុញ​ឲ្យ​ក្រុមហ៊ុន​ Helistar ក្លាយ​ជា​ក្រុម​ហ៊ុន​ស្ដង់​ដារ​អន្តរជាតិ ដោយ​ផ្ដោត​ទៅ​លើ​គុណភាព​ធនធាន​មនុស្ស ភ្នាក់​ងារ​ហោះ​ហើរ​តាម​ស្ដង់​ដារ និង​សុវត្ថិភាព​ដល់​អតិថិជន​ដែល​បាន​ជ្រើស​យក Helistar ជា​មធ្យោបាយ​ធ្វើ​ដំណើរ។

លោក សំណាង នាយក​ប្រតិបត្តិ Helistar Cambodia  បាន​ឲ្យ​ដឹង​ថា ៖ « ប៉ុន្មាន​ឆ្នាំ​ដំបូង វា​ដូច​ជា​ការ​ស្ទាប​ស្ទង់​ទី​ផ្សារ​ តែ​មក​ដល់​ពេល​នេះ​មាន​កាស៊ីណូ​លើ​កោះ​ជា​ច្រើន ហើយ​ពួក​យើង​ក៏​បាន​ផ្ដល់​សេវា​ VIP ​ជា​ច្រើន​ជូន​ភ្ញៀវ​ទៅ​កោះ​ទាំង​នោះ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ»។ លោក សំណាង​ បញ្ជាក់​ប្រាប់​ពី​ស្ថានភាព​ដំណើរ​ការ​ដំបូង​មក​ទល់​ពេល​នេះ។

លោក​បន្ត​ថា កាល​ពី​ប្រាំបួន​ឆ្នាំ​មុន​ ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ជាក់​ស្ដែង​បើ​ជិះ​រថយន្ត​ទៅ​ខេត្ត​មណ្ឌលគីរី​វិញ គឺ​ត្រូវ​ចំណាយ​ពេល​ ៨ ម៉ោង តែ​បើ​ជិះ​ឧទ្ធម្ភាគចក្រ​វិញ ប្រើ​ពេល​តែ១ ម៉ោង​ និង ៣០ នាទី​តែ​ប៉ុណ្ណោះ។ « ចំណុច​ខ្លាំង​របស់​យើង​គឺ​យើង​អាច​ហោះ​ហើរ​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា លើក​លែង​តែ​តំបន់​ហាម​ឃាត់​មួយ​ចំនួន​ដូច​ជា ហោះហើរ​លើ​ព្រះ​បរមរាជវាំង លើ​ប្រាសាទ​អង្គរវត្ត និង​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្រ្ដី»។ លោក បញ្ជាក់​ពី​​លទ្ធភាព​ហោះហើរ​របស់​ Helistar។

ជា​ធម្មតា Helistar ទទួល​បាន​ការ​កក់​ទុក​សម្រាប់​ការ​ហោះហើរ ៥០ ដង​ក្នុង​មួយ​ថ្ងៃ ពី​ភ្នំពេញ​ទៅ​សៀមរាប។ តាម​ការ​ស្ទង់​ទិន្នន័យ​របស់​លោក លោក​គិត​ថា​មាន​ភ្ញៀវ​ទេសចរណ៍​ជាង ២ លាន​នាក់​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​នោះ​សេវា​កម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាម​រយៈ​ឧទ្ធម្ភាគចក្រ​ក៏​ជា​ចំណែក​មួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ផង​ដែរ។ សេវា​ទេសចរណ៍​តាម​រយៈ Helicopter នៅ​ក្នុង​សៀមរាប​ មាន​ចាប់​ពី ៩៩ ដល់ ៣៥០ ដុល្លាអាមេរិក ដោយ​ជូន​ភ្ញៀវ​ទៅ​ប្រាសាទ​ឆ្ងាយៗ​ពី​ក្រុង​​ ក្នុង​នោះ​មាន​បញ្ចូល​ទាំង​អស់​ការ​ផ្ដល់​សេវា​អាហារ​ថ្ងៃ​ត្រង់​ផង​ដែរ។ បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដល់​ភ្ញៀវ​ពិសេស​ៗ ដែល​អ្នក​ជំនួញ​ធំៗ​ពី​ប្រទេស​ថៃ ដោយ​ក្រុមហ៊ុន​ធ្វើ​ការ Pick up នៅ​ខេត្ត​កោះ​កុង​ចំណុច​ព្រំប្រទល់​​ថៃ​កម្ពុជា ដោយ​ជូន​ភ្ញៀវ​ទាំង​នោះ​មក​ទស្សនា​តំបន់​អង្គរ​វត្ត​។

« ខ្ញុំ​ធានា​ថា​ការ​ធ្វើ​ដំណើរ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​គឺ​ពិត​ជា​សុវត្ថិភាព​ជាង​ធ្វើ​ដំណើរ​តាម​រថយន្ដ ព្រោះ​តាម​ផ្លូវ​ទៅ​ខេត្ត​សៀមរាម​ ធ្លាប់​ឮ​ពត៌មាន​ជា​ច្រើន​មក​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍ »។ លោក​បន្ថែម​ថា លោក​ក៏​ធ្លាប់​ជួប​អ្នក​ដែល​ខ្លាច​ពី​រឿង​សុវត្ថិភាព​​ក្នុង​ការ​ជិះ​ឧទ្ធម្ភាគចក្រ​ដែរ​នា​ពេល កន្លង​មក តែ​ឥឡូវ​អ្នក​ទាំង​នោះ​ជ្រើស​យក Helistar ជា​មធ្យោបាយ​ធ្វើ​ដំណើរ​រាល់​សប្ដាហ៍៕

Pin It on Pinterest