fbpx

នៅពេលនិយាយអំពី « ហ្គេម » ក្នុងបរិបទប្រទេសកម្ពុជា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសលោកឪពុកអ្នកម្តាយមួយចំនួន គិតថាមិនមែនជារឿងល្អប៉ុន្មានទេ ។ ប៉ុន្តែហ្គេម (Game) ដែលជាភាសាខ្មែរថា “ល្បែង” នោះ សម្រាប់យុវជន ៣នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នាមិនគិតដូច្នោះឡើយ គឺបាននាំគ្នាបង្កើត ហ្គេម ដោយខ្លួនឯង ទាំងខ្លួនមិនទាន់មានបទសោធន៏ច្រើននោះឡើយ ។ ដោយសារទឹកចិត្តស្រឡាញ់ និងប្រឹងប្រែងស្រាវជ្រាវបានធ្វើឲ្យក្រុមយុវជនវ័យក្មេងមួយនេះទទួលកិត្តិនាមដ៏ប្រសើរមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈស្នាដៃរបស់ពួកគេ ដែលក្រុមមួយនេះមានឈ្មោះថា DirexPlay ។

តើដំណើរឆ្ពោះទៅបង្កើត DirexPlay របស់ក្រុមបងប្អូនបង្កើតមួយនេះមានប្រវត្តិដូចម្តេច?

លោក ឈួម ពិសិដ្ឋ ជានាយកគ្របគ្រង់ និងស្ថាបនិកបង្កើត DirexPlay ប្រាប់ ទស្សនាវដ្តីនិងសារព័ត៌មាន FORWARD ថា លោកមានស្រុកកំណើតនៅស្រុកស្វាយដង្គំ ខេត្តសៀមរាប និងជាអតីតសិស្សរៀននៅសាលាបឋមសិក្សា គោកប៉ាទ្រី ក្នុង១៩៩៤ រួចមកបន្តរៀននៅអនុវិទ្យាល័យសម្តេចឪ និង វិទ្យាល័យ១០មករា ។

កាលនោះជាសិស្សរៀនពូកកែគ្រាន់បើម្នាក់ ដែលតែងតែជាប់ចំណាត់ថ្នាក់លេខ ១-៣ ជានិច្ច នាអំឡុងរៀនថ្នាក់បឋមសិក្សា ហើយក៏បន្តដល់អនុវិទ្យាល័យផងដែរ ប៉ុន្តែអំឡុងរៀនថ្នាក់ទី៨ លោកក៏មានគំនិតចង់រកស៊ីទាំងខ្លួននៅវ័យក្មេង ដែលជាហេតុធ្វើឲ្យការសិក្សាចាប់ផ្តើមធ្លាក់ចុះបន្តិចនៅក្នុងរង្វង់ចំណាត់ថា្នក់លេខ១០។

បទពិសោធន៍ការងារនាំឲ្យបង្កើត DirexPlay

ក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមចូលធ្វើការជាមួយបងប្រុសមិត្តភក្តិរបស់ខ្លួនម្នាក់មកពីអូស្រ្តាលី ហើយបានទទួលគម្រោង (Build Web Project)ពីប្រទេសអូស្ត្រាលី អំឡុងឆ្នាំ២០០៧និង២០០៨ ដែលការធ្វើគេហទំព័រនេះ លោកមិនទាន់មានចំណេះនិងជំនាញអ្វីបន្តិចឡើយ គឺធ្វើតាមការស្រាវជ្រាវតាមរយៈសៀវភៅអេឡិចត្រូនិច និងការណែនាំពីប្រធានគម្រោង។

ការងារនេះ បានធ្វើឲ្យ ពិសិដ្ឋ មើលពិភពលោកថា កំពុងជឿនលឿនដល់កម្រិតណា ហើយក៏ធ្វើឲ្យរូបគេ បានដឹងពីអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ និងចង់ធ្វើវាសម្រាប់អនាគត។ ក្រោយគម្រោងទាំងនោះបានបញ្ចប់ ពិសិដ្ឋក៏ជាបុគ្គលិកបណ្តែតដោយទទួលគម្រោងបង្កើតគេហទំព័រដោយខ្លួនឯងដោយធ្វើការនៅផ្ទះ។ បន្ទាប់មកទៀត ក្នុងអំឡុងឆ្នាំ២០១០ ពិសិដ្ឋ ក៏មានឱកាសឡើងមកភ្នំពេញ ដោយធ្វើការងារឲ្យក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា បានរយៈពេលជាង ៤ឆ្នាំ។

ការបង្កើត DirexPlay

លុះដល់ឆ្នាំ២០១៤ លោកក៏បង្កើត ក្រុម DirexPlay ដោយសមាជិកក្រុមទាំងអស់គឺ ប្អូនៗរបស់លោកផ្ទាល់ ដោយប្អូនពីរនាក់ជា Lead Artist ប្អូនម្នាក់ទៀតជា Lead Designer ហើយក្រោយមកទៀតក៏មានប្អូនស្រីដែលត្រូវជាសាច់ឈាមដែរបានមកចូលរួមកាន់ផ្នែករចនា (Lead Designer)។  ទន្ទឹមនឹងការធ្វើហ្គេមនេះ លោក ឈួម ពិសិដ្ឋ បានឲ្យដឹងថា វាមានការ​ជួប​ឧបសគ្គច្រើន សម្រាប់ក្រុមបងប្អូនរបស់លោក ដែលក្នុងនោះមាន បញ្ហាធនធាន បញ្ហាបទពិសោធន៍ និងការគាំទ្រជាដើម។

បញ្ហាធនធាននោះ លោកចង់សំដៅលើហិរញ្ញវត្ថុសម្រាប់ចំណាយទិញសម្ភារៈប្រើប្រាស់ដើម្បីបង្កើតហ្គេម ពីព្រោះឧបករណ៍ខ្លះថ្លៃគួរសម ហើយចាំបាច់ប្រើប្រាស់។ យ៉ាងណាមិញលោកបានដោះស្រាយបញ្ហានេះ ដោយការប្រើប្រាស់ប្រាក់សន្សំពីប្រាក់ខែរបស់លោកដែលសល់កាលពីធ្វើការឲ្យគេ។ ហើយគិតចាប់តាំងពីបង្កើតមក ក្រុមបងប្អូនមួយ​នេះទើបតែទទួលចំណូល ដែលអាចទប់នឹងចំណាយបាន​នៅត្រឹមឆ្នាំ២០១៧កន្លងទៅតែប៉ុណ្ណោះ។

បញ្ហាបទពិសោធន៍ការងារ គឺប្អូនៗរបស់លោកនៅមិនមានបទពិសោធន៍ អមដោយចំណេះដឹងនៅក្មេងខ្ចីក្នុងការធ្វើការងារផលិតហ្គេមនេះទេ ដូច្នេះទាមទារការហ្វឹកហាត់និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីផលិតនិងអភិវឌ្ឍហ្គេមឲ្យគុណភាពប្រកបដោយគំនិតឆ្នៃប្រឌិតនិងមានភាពទាក់ទាញសម្រាប់អ្នកនិយមចូលចិត្តលេងហ្គេម។

ខ្វះការគាំទ្រ គឺការផលិតហ្គេមនៅក្នុងសង្គមខ្មែរនេះនៅមិនទាន់មានតម្លៃ និងគាំទ្រផលិតហ្គេមខ្លាំងនៅឡើយទេ ដោយឪពុកម្តាយភាគច្រើនគិតថា ហ្គេមធ្វើឲ្យកូនចៅរបស់គេមានការវក់វី និងងប់ងល់ភ្លេចគិតបាយទឹកនិងខិតខំប្រឹងរៀន ។

ឆ្លើយតបនឹងចំណុចនេះ មិនបាក់ទឹកចិត្តឡើយ សម្រាប់ក្រុមអ្នកបង្កើតហ្គេមទាំងបួននាក់បងប្អូននេះ គឺខិតខំជានិច្ចជាមួយនឹងទឹកចិត្តស្រឡាញ់ ហើយក៏សំណូមពរផងដែរដល់ប្រជាពលរដ្ឋខ្មែរ សូមកុំគិតថាហ្គេមសុទ្ធតែអាក្រក់ទាំងអស់ តាមពិតក៏មានចំណុចល្អដែរ ពីព្រោះហ្គេមភាគច្រើនផលិតឡើងក្នុងន័យផ្តល់ការកម្សាន្តនិងបំបាត់ភាពស្ត្រេសដល់អ្នកលេង។

បន្ថែមពីនេះហ្គេមក៏ជួយតាមផ្នែករបស់វាដែរ ហ្គេមខ្លះវាជួយហ្វឹកខួរក្បាលឲ្យមានចងចាំបានល្អ គិតបានរហ័សជាងមុន ហើយហ្គេមខ្លះទៀតជួយឲ្យពូកែសង្កេត រហ័សដៃ និងរហ័សភ្នែកជាដើម។

សមិទ្ធិផលសម្រេចបាន

លោក ពិសិដ្ឋ បានប្រាប់ថា បន្ថែមពីសមត្ថភាពផលិតហ្គេមដែលមានគំនិតរំលេចនូវអត្តសញ្ញណជាតិខ្មែរ ក្រុមរបស់លោកអាចផលិតគំនូវជីវចល កម្រិត2D ផងដែរ ហើយបច្ចុប្បន្ននេះ DirexPlay បង្កើតបាន​ហ្គេម​ចំនួន៦ និង ១ កម្មវិធីទូរស័ព្ទ  ព្រមទាំង​បានធ្វើគំនូវជីវចលសម្រាប់ក្រុមហ៊ុនមួយចំនួនទៀត ។ ហ្គេមទាំង៦ ត្រូវបានអ្នកនិយមចូលចិត្តលេងហ្គេម ទាំងជាតិនិងអន្តរជាតិទទួលស្គាល់ហើយនិងគាំទ្រខ្លាំងតាមរយៈទិញយកមកលេង។

ហ្គេមទាំងនោះរួមមាន ហ្គេម Hungry ObOb ហ្គេម Parachute Jumper ហ្គេមដំណើរផ្សងព្រេងសុខនិងសៅ (Sok and Sao’s Adventure) ហ្កេម Chasing Zombies ហ្គេម Jailbreak ដែលជាហ្គេមទទួលការគាំទ្រយ៉ាងគំហុកលើទីផ្សារអនឡាញ ដោយសារតែវាបានដាក់លក់ ដំណាលគ្នាទាំងម៉ោងពេលនៃការសម្ពោធនិងចាក់បញ្ចាំង រឿងកុនខ្មែរលំដាប់អន្តរជាតិ Jailbreak ហើយ​ថ្មីៗនេះ​ហ្គេមមានឈ្មោះថា ​កំហឹងអ្នកប្រយុទ្ធ​។

បន្ថែមពីមានការគាំទ្រខាងលើនេះ ហេ្គម Jailbreak បានជួយឲ្យក្រុមយុវជនវ័យ ទាំង៤នាក់បងប្អូននេះទទួលបានពានរង្វាន់ថ្នាក់ជាតិផងដែរ គឺ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៧ (CAMBODIA ICT AWARDS 2017)

លោក ឈួម ពិសិដ្ឋ បានបញ្ជាក់ថា ចំណោះទស្សនវិស័យរបស់ Direx Play ចង់ឃើញវិស័យហ្គេមនៅកម្ពុជាការរីកចម្រើនឡើង ដោយមានយុវជនខ្មែរកាន់តែច្រើនឡើងចេះផលិតហ្គេម ដើម្បីពិភពលោកថា ប្រទេសខ្មែរយើងក៏មានសមត្ថភាពផលិតហ្គេមដែរ ហើយប្រកបដោយគុណភាពឆ្នៃប្រឌិតនិងមានភាពទាក់ទាញថែមទៀត ដោយក្នុងនោះក៏មានរំលេចនូវអត្ថសញ្ញាណជាតិផងដែរ ៕

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

 

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

 

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

 

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

 

 

Pin It on Pinterest