fbpx

ភ្នំពេញ ៖ និស្សិតចំនួន៥ក្រុម ក្នុងចំណោម១៥ក្រុម កាលពីម្សិលមិញ បានឈ្នះជ័យលាភីចំនួន៤០០០ដុល្លារ ពីការបង្ហាញគំរូអាជីវកម្មគំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុម ក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី SmartStart: Young Innovator Program រដូវកាលទី២ ដែលរៀបចំដោយក្រុមហ៊ុន Smart។

ក្រុមយុវជនវ័យក្មេងដែលបានទទួលចំណាត់ថ្នាក់TOP5 គឺក្រុម Haystome ជាកម្មវីធីដែលភ្ជាប់ភ្ញៀវទេសចរ ជាមួយសិល្បករក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៍ទេសចរណ៍ដ៏កម្រ។​ ក្រុម Malis ជាកម្មវិធីដែលអនុញ្ញាតឱ្យអតិថិជនកក់ការណាត់ជួបជាមួយហាងកែសម្ផស្ស។ ក្រុម​ Tos Rean ជាកម្មវិធីដែលផ្គូផ្គងនិស្សិត ​និងគ្រូបង្រៀន។ ក្រុម Homex  ជាកម្មវិធីទូរស័ព្ទដែលអាចភ្ជាប់ជាងជួសជុលរាល់បញ្ហាដែលមានក្នុងផ្ទះជាមួយអតិថិជន។ ចំណែកក្រុម SomJot ជាកម្មវិធីទូរស័ព្ទដែលជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់រាល់ម្ចាស់យានជំនិះ និងកន្លែងចតយានជំនិះចល័ត។

និស្សិត ឆយ សុគន្ធថានេត អ្នកដឹកនាំក្រុម SomJot បាននិយាយថា ការមកដល់វគ្គនេះគឺជាឱកាសដ៏ធំធេងសម្រាប់ក្រុមគាត់។ “ខ្ញុំពិតជាមានអារម្មណ៍រីករាយមែនទែន ដែលគំនិតអាជីវកម្មឌីជីថលរបស់ពួកយើងអាចទាក់ទាញចំណាប់អារម្មណ៍របស់គណៈវិនិច្ឆ័យ។ វាពិតជាអស្ចារ្យណាស់ក្នុងការចូលរួមកម្មវិធីបច្ចេកវិទ្យានេះ”។

ក្រោពីទទួលប្រាក់ឧបត្ថម្ភ ជ័យលាភីទាំង៥ក្រុមទទួលបានការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ដែលមានរយៈពេល៦ខែ ដើម្បីផ្លាស់ប្តូរគំនិតអាជីវកម្មរបស់ពួកគេឱ្យក្លាយទៅជាការពិត។ ក្រុមទាំងប្រាំនឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឹកចិត្ត និងការធ្វើការរួមគ្នាផងដែរ ដោយមាន​ការគាំទ្រពី Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata។​ នៅចុងបញ្ជប់នៃការបណ្ដុះបណ្ដាល ក្រុមការងារដែលបង្ហាញពីវឌ្ឍនភាពខ្លាំងជាងគេ នឹងទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Google Microsoft Facebook និង LinkedIn នៅប្រទេសសិង្ហបុរី។​

ក្នុងពេលបិទកម្មវិធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក កាន ច័ន្ទមេត្តា បានបង្ហាញការបន្ដគាំទ្រកម្មវិធី SmartStart និងការខិតខំរបស់ Smart Axiata និង Impact Hub Phnom Penh ព្រមទាំងបានលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យចូលរួមកម្មវិធីនេះ។

នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន បានថ្លែងថា SmartStart ជាកម្មវិធីរៀបចំឡើងជារៀងរាល់ឆ្នាំដែលអនុញ្ញាតឱ្យយុវជនកម្ពុជាវ័យក្មេងជាច្រើនអាចបង្ហាញគំនិត និងទេពកោសល្យល្អៗរបស់ពួកគេ​​។ ឆ្នាំនេះ SmartStart ទទួលបានការគាំទ្រថវិកាពីសំណងដែលក្រុមហ៊ុន Smart​ ទទួលបានពីមូលនិធិកសាងសមត្ថភាព  និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។

Pin It on Pinterest