ជួបគ្នាដំបូងនៅឆ្នាំ២០១៥ យុវជន២រូបត្រូវបានតម្រូវឱ្យសហការផលិតបទចម្រៀងមួយរួមគ្នា ហើយពួកគេក៏បានបន្តការរាប់អានគ្នាពីពេលនោះមក។ ដោយយល់ឃើញថាទាំងពីរនាក់សុទ្ធតែជាអ្នកងប់ងល់នឹងតន្ត្រីដូចគ្នា និងមានសុបិន្តដូចគ្នា ពួកគេក៏បានសម្រេចចិត្តថាបង្កើតជាក្រុមតន្រ្តីមួយរួមគ្នា ហើយដាក់ឈ្មោះថា “ក្មេងខ្មែរ”។
តើក្មេងខ្មែរជានរណា?
ក្មេងខ្មែរ មានសមាជិក២រូប គឺ លោក កៅ ពន្លឺ អាយុ២៥ឆ្នាំ ជាអ្នកRapper មកពីខេត្តត្បូងឃ្មុំ និងលោកជា សុជាតិ អាយុ២៣ឆ្នាំ ជាអ្នកចម្រៀងមកពីខេត្តកំពង់ស្ពឺ។ ក្រុមតារាចម្រៀងមួយនេះអាចបង្កើតឡើងបានក្រោមការជ្រោមជ្រែងពីតារាចម្រៀង កញ្ញា Laura Mam ដែលបានសម្រេចចិត្តដាក់បញ្ចូលក្រុម ក្មេងខ្មែរ ជាសិល្បករដំបូងគេរបស់ផលិតកម្មបារមីរបស់កញ្ញាផ្ទាល់។
ចំពោះឈ្មោះដែលបានដាក់ថា ក្មេងខ្មែរ នេះវិញ គឺបានកើតចេញពីគំនិតដែលយល់ឃើញថាពាក្យ ក្មេង គឺជាពាក្យមួយដែលបានឆ្លុះបញ្ចាំងពីពួកគេ ដែលជាសិល្បករវ័យក្មេង។ ម្យ៉ាងទៀត ដោយសារតែពួកគេជាអ្នកដែលចូលចិត្តធ្វើអ្វីតាមការស្រទ្បាញ់រមែងតែងបង្កជាកំហុសឆ្គង ដូច្នេះពាក្យថាក្មេងនេះក៏បានជួយធ្វើឱ្យទស្សនិកជនមិនយកទោសពៃ ត្បិតជាធម្មតាគេមិនសូវប្រកាន់ក្មេងឡើយ។ បូកផ្សំគ្នាឡើងវិញ ពាក្យថា “ក្មេងខ្មែរ” ក៏បានបង្ហាញទៀតផងដែរថា ពួកគេគឺជាក្មេង២នាក់ក្នុងចំណោមក្មេងរាប់លាននាក់ទៀតដែលកើតលើដែនដីខ្មែរ។
មោទនភាពរបស់ក្មេងខ្មែរ
ក្មេងខ្មែរ បានបង្ហើបឱ្យដឹងថាពួកគាត់ពិតជាមិនដែលរំពឹងទុកឡើយថា ខ្លួននឹងទទួលបានការគាំទ្រពី ទស្សនិកជនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពេលដ៏ខ្លីដូច្នេះទេ។ បច្ចុប្បន្ន បទចម្រៀងរបស់ក្មេងខ្មែរ គឺត្រូវបានចាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ក្មេងខ្មែរ ក៏បានបង្ហាញខ្លួនលើឆាកតន្ត្រីធំៗ ស្ប៉តពាណិជ្ជកម្មល្បីៗ និងបានចូលរួមសម្តែងលើឆាកអន្តរជាតិចំនួន៣លើកថែមទៀតផង។
ធ្លាប់ជួបបញ្ហាពិបាកៗជាច្រើន ប៉ុន្តែមិនបោះបង់ចោល
ទម្រាំអាចរកឃើញភាពជោគជ័យដូចបច្ចុប្បន្ន ក្មេងខ្មែរបានឆ្លងកាត់នូវឧបសគ្គជាច្រើន រួមមានទាំងបញ្ហាលើវិស័យតន្រ្តី និងបញ្ហាផ្ទាល់ខ្លួន។ បញ្ហាចម្បងដែលពួកគាត់គិតថាជាឧបសគ្គសម្រាប់សិល្បករគ្រប់រូបមិនចំពោះតែក្មេងខ្មែរ នោះ គឺកង្វះខាតលើការបណ្ដាក់ទុន។
ដោយសារតែផ្នត់គំនិតរបស់មនុស្សជាច្រើន គឺនៅតែប្រកាន់បក្សពួកនិយម ដោយលើកស្ទួយតែគ្នាឯង ទើបធ្វើឱ្យអ្នកដែលមានសមត្ថភាពពិត តែគ្មានទំនាក់ទំនងដូចជាពួកគេ ពិបាកក្នុងការស្វែងរកឱកាស។ បញ្ហាទី២ដែលស្រដៀងគ្នានោះដែរ គឺកង្វះខាតខាងធនធានមនុស្ស។ សម្រាប់អ្នកដែលមានចំណេះដឹងលើវិស័យតន្រ្តីពិតប្រាកដ គឺនៅមានកម្រិតច្រើន។ ជាក់ស្តែង រាល់ពេលដែលធ្វើចម្រៀងម្តងៗ ក្មេងខ្មែរពិតជាមានភាពលំបាកខ្លាំង ក្នុងការស្វែងរកអ្នកដែលអាចផលិតនូវតន្ត្រីតាមចិត្តដែលគេចង់បាន។
ឯមួយវិញទៀត គឺបញ្ហាទាក់ទងនឹងអារម្មណ៍ក្នុងការផលិតបទចម្រៀង។ ក្នុងនាមជាអ្នកផលិតតន្ត្រី ពួកគាត់ត្រូវប្រើប្រាស់អារម្មណ៍ឱ្យបានច្រើន និងខ្លាំងជាងអ្នកធម្មតា។ ដូច្នេះ រាល់ពេលជួបបញ្ហាស្មុគស្មាញម្តងៗ វាពិតជាមានផលប៉ះពាល់ដល់ការបង្កើតបទចម្រៀងខ្លាំងមែនទែន។ ដោយចៀសពុំរួច ពេលខ្លះពួកគាត់ក៏បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ដោយអចេតនាដែលវាអាចបង្កជាការមិនពេញចិត្តផ្សេងៗ។ ប៉ុន្តែ ពួកគាត់ក៏បានព្យាយាមរៀនទទួលយក និងយកឈ្នះទឹកចិត្ត ដែលចង់តបត ហើយបង្វែរវាឱ្យទៅជាការខិតខំប្រឹងប្រែងបន្តក្តីស្រមៃជំនួសវិញ។
តើមានអ្វីដែលថ្មីសម្រាប់ក្មេងខ្មែរ?
សម្រាប់អ្នកគាំទ្រក្មេងខ្មែរ ប្រហែលជាធ្លាប់ដឹងរួចមកហើយថា គ្រប់បទចម្រៀងរបស់ពួកគាត់ គឺតែងតែត្រូវបានបង្ហោះចូលទៅក្នុងគណនីYouTube ជាមួយនឹងការចូលទស្សនារាប់សែន រាប់លានដង។ ប៉ុន្តែ កាលពីខែឧសភា អ្វីដែលថ្មីបន្ថែមទៀតនោះ គឺការប្រើប្រាស់គណនី VEVO ជាលើកដំបូង ជំនួសឱ្យគណនីធម្មតា។ សុជាតិ និងពន្លឹ បានប្រាប់ឱ្យដឹងថា ការដែលសម្រេចចិត្តក្នុងការចុះឈ្មោះប្រើប្រាស់គណនី VEVO នេះគឺស្ថិតក្នុងគោលបំណងចង់ការពារកម្មសិទិ្ធបញ្ញា ត្បិតកន្លងមក ធ្លាប់មានជនខិលខូចជាច្រើនបានលួចបង្ហោះបទចម្រៀងរបស់ពួកគ ដើម្បីរកលុយលើYouTube ដោយពុំបានសុំការអនុញ្ញាតឡើយ។
រឿងរ៉ាវអំពីអាល់ប៊ុមទី២របស់ក្មេងខ្មែរ “My way 2”
ក្មេងខ្មែរតែងតែមានគម្រោងក្នុងការបង្កើតអាល់បុ៊មថ្មីជានិច្ច ប៉ុន្តែ នៅក្នុងដំណាក់កាលនៃការផលិតជាក់ស្តែង ពួកគាត់បានបង្កើតនូវអ្វីដែលខុសពីការរំពឹងទុកទៅវិញ។ បទចម្រៀងនីមួយៗ គឺយោងតាមអារម្មណ៍ពិតជាក់ស្តែងនៅពេលផលិត ហើយពួកគាត់ផ្ទាល់ក៏មានអារម្មណ៍ភ្ញាក់ផ្អើល ជាមួយនឹងលទ្វផលនេះដែរ។ អាល់ប៊ុមទី២ “My way 2” ត្រូវបានចំណាយពេល៨ខែក្នុងការផលិត ហើយមានបទចម្រៀងទាំងអស់ចំនួន៧បទ។ ទំនុកចម្រៀងនីមួយៗ គឺនិយាយរៀបរាប់ពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន រួមមានបញ្ចូលទាំងស្នេហាផ្អែមល្ហែម ការបាក់ទឹកចិត្ត ការលើកទឹកចិត្ត និងការប្រឹងប្រែងតស៊ូជាដើម។វាប្រៀបដូចជាសៀវភៅមួយក្បាលដែលមានសាច់រឿងតៗគ្នា លាយឡំគ្រប់រសជាតិដែលអ្នកស្តាប់អាចមានអារម្មណ៍ប្រដូចបាន។ សុជាតិរៀបរាប់។
ឯចំពោះចង្វាក់វិញ គឺវាស្ថិតក្នុងប្រភេទ POP HIP HOP។ “អាចនិយាយបានថាអាល់ប៊ុមទី២នេះគឺជារសជាតិរបស់ក្មេងខ្មែរតែម្តង ដោយសារតែបទចម្រៀងនីមួយៗ គឺសុទ្ធសឹងជារឿងពិតរបស់យើង ហើយភាគច្រើនគឺយើងធ្វើវាឡើងដោយខ្លួនឯងផ្ទាល់”។ ពន្លឺបន្ថែម។ អ្វីដែលពិសេសជាងមុន គឺក្មេងខ្មែរក៏បានប្រកាសថានឹងមានការដាក់លក់ CDអាល់ប៊ុមទី២នេះ ជាសាធារណៈថែមទៀតផង។ មូលហេតុក្នុងការសម្រេចចិត្តដាក់វាលក់នេះ គឺព្រោះអ្នកទាំង២យល់ថា My way 2 ប្រៀបដូចជាផលិតផលសម្រេចមួយរបស់ពួកគាត់ ដែលសាកសមនឹងទទួលបានការឱ្យតម្លៃ និងរក្សាទុកពីអ្នកគាំទ្រ និងនិយមចូលចិត្ត។
ពីក្រោយបទចម្រៀងដែលដក់ជាប់ក្នុងចិត្តរបស់ពន្លឺ និងសុជាតិជាងគេ
សម្រាប់បទចម្រៀងដែលពន្លឺស្រទ្បាញ់ជាងគេនោះ គឺបទមួយដែលមានចំណងជើងថា “ជីវិត”។ “បទចម្រៀងមួយនេះវាបានស្ដែងឱ្យឃើញអំពីរឿងមួយនៃខ្ញុំ ដែលមនុស្សជាច្រើនពុំធ្លាប់បានដឹង”។ ពន្លឺរៀបរាប់ទាំងស្ងប់ស្ងាត់។ “ការពិតទៅខ្ញុំមានជំងឺបាក់ទឹកចិត្តជាយូរមកហើយ ហើយបទចម្រៀងមួយនេះបានធ្វើឱ្យខ្ញុំរៀបរាប់អំពីទុក្ខសោកទាំងឡាយដែលគ្មានអ្នកយល់”។ ពន្លឺបន្ថែម។ ឯសម្រាប់សុជាតិវិញ បទចម្រៀងដែលធ្វើឱ្យលោកពេញចិត្តជាងគេគឺបទ “How long” ។ បទនេះគឺមានអត្ថន័យចង់សំដៅទៅដល់ភាពល្បីល្បាញដែលក្មេងខ្មែរកំពុងទទួលបាន ដោយមិនដឹងថាវានឹងនៅរហូតដល់ពេលណា។ ហើយវាប្រៀបដូចជាការផ្ដែផ្តាំចុងក្រោយដល់អ្នកគាំទ្រទាន់នៅមានឱកាស។ «ក្នុងបទនេះ ពួកយើងបានថែមទាំងសុំទោសដល់អ្នកជិតខាង ដែលរាល់ថ្ងៃមិនដឹងជាពួកគាត់ថ្លង់យ៉ាងណាទេ នៅពេលយើងសរសេរបទចម្រៀងម្តងៗ»។ សុជាតិនិយាយទាំងសើចតិចៗ។
មេរៀនសំខាន់ៗក្នុងដំណើរជីវិតជោគជ័យ
អ្វីដែលជាគន្លឺះសំខាន់បំផុតសម្រាប់ក្មេងខ្មែរ គឺការរក្សាភាពជាខ្លួនឯង។ ជាក់ស្តែង ពួកគាត់តែងតែបានធ្វើអ្វីគ្រប់យ៉ាងតាមក្តីស្រទ្បាញ់ដែលអាចធ្វើបាន ពោលគឺមិនបានប្រឹងទៅធ្វើតាមឱ្យដូចនរណាមួយនោះទេ។ នេះហើយដែលធ្វើឱ្យពួកគេមានកម្លាំងពិសេស ដែលតែងតែអាចងើបឈរឡើងវិញរាល់ពេលដួលម្តងៗ រហូតដល់ស្វែងរកឃើញគោលដៅរបស់ខ្លួន។
ប៉ុន្តែស្របពេលនេះដែរ អ្នកទាំង២ក៏ធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវខ្លះៗ ដែលអាចទុកជាមេរៀនដ៏សំខាន់ផងដែរ។ “យើងបានបាត់បង់មិត្តភក្តិខ្លះៗក្នុងដំណើរដែលយើងដើរមក” រៀបរាប់ទាំងទឹកមុខក្រៀមក្រំ សុជាតិ ដោយបានបន្ថែមថា៖ “វាពិតជារឿងដែលគួរឱ្យសោកស្តាយមែនទែន”។ ឯពន្លឺវិញក៏បានឱ្យដឹងផងដែរថា បើសិនជាលោកអាចវិលត្រទ្បប់ទៅអតីតកាលវិញ លោកនឹងមិនដាក់រឿង និងអារម្មណ៍ខ្លួនឯងចូលបទចម្រៀងច្រើនដល់ម្លឹងទេ។ “ពេលខ្លះមានអារម្មណ៍ថាខ្លួនឯង Drama ខ្លាំងណាស់ ហើយរាល់ពេលដែលស្តាប់បទចម្រៀងទាំងនោះឡើងវិញម្តងៗ វាធ្វើឱ្យខ្ញុំទទួលអារម្មណ៍ក្តុកក្តួលខ្លាំងជាងអ្នកដទៃ។ ម្យ៉ាងវាក៏ប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ខ្ញុំផងដែរ”។ ពន្លឺបានបញ្ជាក់។
ជាចុងក្រោយ ក្មេងខ្មែរ បានបង្ហាញពីភាពសប្បាយរីករាយ ដែលប្រជាជនកម្ពុជាចាប់ផ្តើមផ្ដល់តម្លៃឱ្យសិល្បករ និងមានភាពក្លាហានក្នុងការចូលរួមការប្រគុំតន្រ្តីផ្សេងៗ។ នេះបានសបញ្ជាក់ឱ្យឃើញថា វិស័យតន្ត្រីនៅប្រទេសកម្ពុជាកំពុងតែរីកដុះដាលទៅមុខជាលំដាប់។ យ៉ាងណាមិញ ពួកគាត់ក៏សង្ឃឹមផងដែរថានឹងមានការសហការគ្នាកាន់តែល្អរវាងសិល្បករទាំងអស់ ដើម្បីរួមគ្នាធ្វើឱ្យវាកាន់តែប្រសើរជាងនេះទៀតទៅថ្ងៃអនាគត៕