fbpx

លោកហ៊ុន ចាន់សាន គឺជា​ស្ថាបត្យករ​និង​ស្ថាបនិក​របស់​ក្រុមហ៊ុមRE-EDGEដែលជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ និងឌីហ្សាញ​ដែល​កំពុង​តែ​ល្បី​ល្បាញ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅពីនេះ​លោក​ក៍ជា​សាស្ត្រាចារ្យ​ បង្រៀន​ផ្នែក​ស្ថាបត្យកម្មនៅ​សកលវិទ្យាល័យ​​មូយ​ចំនួន​ផងដែរ។​ ថ្មីៗ​នេះ​ ស្ថាបត្យករ​រូប​នេះ​ទើប​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួលពានរង្វាន់ The 2018 Property Guru Cambodia Property Award’s Real Estate Personality of the Year ។

 

មុនពេលបង្កើត RE-EDGE

 

ចាន់សាន មានទីកន្លែងកំណើតនៅប្រទេសកម្ពុជា ធ្លាប់ជាអតីតសិស្សនៅសាលាបឋមសិក្សា និង​វិទ្យាល័យ​បាក់ទូក​។ មុនពេលបានបញ្ចប់ថ្នាក់បាក់ឌុប លោកត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី អស់រយៈកាលជាង៥ឆ្នាំ។

 

បន្ទាប់ពីទទួលបានសញ្ញាប័ត្រទុតិយភូមិហើយ លោក​ក៍​បាន​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត លើ​ជំនាញ​ស្ថាបត្យកម្ម។ ក្រោយពីរស់នៅទីនោះអស់កាលជាង៩ឆ្នាំ លោក​ក៍​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាប័ត្រនៃជំនាញFine Art in Architecture ពីសកលវិទ្យាល័យMassachusetts College of Art & Design ​និងសញ្ញាប័ត្រអនុបណ្ឌិត ពីសកលវិទ្យាល័យNortheastern University ក្នុងទីក្រុងBoston  ហើយ​វិលត្រលប់​មក​រកមាតុ​ប្រទេស​វិញ ក្នុងកំឡុងខែកក្កដាឆ្នាំ២០០៩។

 

ពេលមកដល់កម្ពុជាដំបូង

 

ចាន់សាន បាន​ក្លាយជាគ្រូបង្រៀននៅសកលវិទ្យាល័យLimkokwing និង​ជា​អ្នក​គ្រប់គ្រង Coordinatorនៃសកលវិទ្យាល័យនោះផងដែរ។ រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ ២០១១ លោកក៍បានលាឈប់ពីទីនោះ ហើយRE-EDGE ក៍ចាប់កំណើតតាំងពីពេលនោះមក។

 

អ្វីទៅជាមូលហេតុនាំឲ្យចាន់សាន សម្រេចចិត្តត្រលប់វិលមកកម្ពុជាវិញ?

 

កំឡុងពេលសិក្សានៅក្រៅប្រទេស ចាន់សាន បាន​សារភាពថា​លោក​ក៍​ធ្លាប់បាន​ពិចារណាថា​នឹង​រស់​នៅ​ទី​នោះ​ជា​អចិន្ត្រៃយ៍ដែរ។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសដែល​ទើបតែ​បាន​ងើបផុត​ពី​សង្គ្រាម ដូច្នេះអ្នកនៅជុំវិញខ្លួន ភាគច្រើនសុទ្ធសឹងជាអ្នករកស៊ី។ នៅពេល​ដែល​លោក​ទៅ​ដល់ទីក្រុងBoston លោកបានមើលឃើញនិងបានយល់នូវអ្វីដែលច្រើនជាងនេះ។ ជាក់ស្តែង នៅសង្គមទីនោះ​មាន​អ្នក​វិទ្យាសាស្ត្រ មានអ្នកអវកាស មានសិល្បករ និងមានអ្នកប្រកបរបរ​ផ្សេងៗ​ទៀត​ដែល​លោក​មិនសូវ ​រឺ​មិន​ដែល​បានឃើញនៅកម្ពុជា។ ចំពោះលោកផ្ទាល់យល់ថា បរិយាកាស​រស់​នៅបែប​ច្នៃ​ប្រឌិត ជឿនលឿន និងចម្រុះដូច្នោះ គឺសាកសមទៅនឹងអត្តចរិករបស់លោកច្រើនជាង។ ម្យ៉ាងវិញទៀត ភរិយារបស់លោកផ្ទាល់ក៍ជាអនិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ ជាហេតុនាំ​ឲ្យ​លោក​ស្ទាក់ស្ទើរក្នុងការត្រលប់មកកម្ពុជាវិញ។

 

យ៉ាងណាមិញ​ស្របពេលនោះដែរ ចាន់សានគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារ។ លោកត្រូវ​មាន​ភារកិច្ច​ក្នុង​ការ​ជួយសម្របសម្រួល និងមើលថែមុខជំនួញបន្តវេនពីឪពុកម្តាយរបស់លោក។ ក្រោយពីបានមកសាកល្បងរស់នៅក្នុងប្រទេសកម្ពុជា លោកក៍​បាន​យល់​ឃើញ​ថា​អ្វីៗ គឺ​ហាក់​ដូច​ជា​ប្រសើរជាងការរំពឹងទុក ដូច្នេះលោកក៍សម្រេចចិត្តថានឹងត្រលប់មកប្រទេសកំណើតវិញ ជាអចិន្ត្រៃយ​តែម្តង។

 

ចំណុចលេចធ្លោ របស់ស្នាដៃរបស់ចាន់សាន

 

ស្ថាបនិកRE-EDGE រូបនេះ បានឲ្យដឹងថា វាពិត​ជាមានភាព​លំបាក​ក្នុង​ការ​កំណត់​ថា​តើ​លោក​បាន​ប្រើប្រាស់​ស្ទាយ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ ត្បិតជំនាញ​ស្ថាបត្យកម្ម គឺ​មានការ​ទាក់ទង​ច្រើន​ជាង​គ្រាន់​តែ​គំនិត​របស់​លោកផ្ទាល់។ ជាក់ស្តែងគឺលោកត្រូវពិចារណាលើកត្តាផ្សេងៗទៀតដូចជា គោល​បំណង​របស់​អតិថិជន សម្ភារៈប្រើប្រាស់នៅប្រទេសកម្ពុជា ភាពងាយ​ស្រួល​នៃ​ការ​សាងសង់ តម្លៃ និងគុណភាពសាងសង់ ចំណេះទូទៅរបស់ជាងសំណង់ បរិស្ថាន ​និង​អាកាសធាតុ​នៃ​តំបន់​សាងសង់ ពន្លឺថ្ងៃ និងខ្យល់ធម្មជាតិជាដើម។ អាស្រ័យហេតុនេះ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​កំណត់ពី អត្តសញ្ញាណផ្ទាល់ខ្លួនឲ្យបានពិតប្រាកដបាន។

 

ប៉ុន្តែបន្ទាប់ពីបានបង្ហាញស្នាដៃអស់រយៈកាលជាង៦ឆ្នាំកន្លងមកនេះ លោកបានសង្កេតឃើញថា​អ្វីដែលលោកបង្កើតឡើងគឺតែងតែមានចំណុចពិសេសមួយនោះគឺ”ភាពរស់រវើក”។ លោក​ចង់​សំដៅ​ដល់​​ភាព​រំលេច​នៃ​អាគារ​ដែល​ផុស​ចេញ​ពី​គ្នា​ទៅវិញ​ទៅមក  ហើយមានការផ្លាស់ប្តូរ​ស្រមោល​តាម​ទិស​ព្រះអាទិត្យ ជាហេតុនាំឲ្យអាគារ​នីមួយៗ​មើល​ទៅ​ហាក់​មាន​ចលនា​យ៉ាង​រស់រវើក។ ឯកត្តាមួយទៀត គឺការផ្សារភ្ជាប់គ្នារវាងទេសភាព និងបរិយាកាសខាងក្រៅ ពោល​គឺ​ការ​ធ្វើ​ឲ្យ​វា​មាន​ទំនាក់​ទំនងគ្នា ដើម្បីផ្តល់អារម្មណ៍ពិសេសដល់អ្នកចូលក្នុងអាគារ។

 

 

ភាពប្រកួតប្រជែងក្នុងវិស័យស្ថាបត្យកម្ម

 

ចំពោះ​ជំនាញ​ស្ថាបត្យកម្ម លោក ហ៊ុន ចាន់សានបានឲ្យដឹងថា វាជាមុខជំនាញមួយ​ដែល​តម្រូវ​ឲ្យ​យើង​ចេះច្រើនជាងគ្រាន់តែការគូរប្លង់មួយមុខ។ ជាក់ស្តែង​ដើម្បី​អាច​ក្លាយ​ទៅ​ស្ថាបត្យករ​ដ៍​ល្អ​មួយរូប​បាន គេ​ត្រូវ​ចេះ​ទាំង​ជំនាញ​សិល្បៈ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការសរសេរ ការនិយាយស្តី និង​ចំណេះដឹងទូទៅជាច្រើនទៀត។ ដូច្នេះវាពិតជាមានភាពប្រកួតប្រជែងខ្ពស់។ ម្យ៉ាងវិញទៀត​វា​គឺ​ជា​មុខជំនាញមួយដែលចំណាយពេលយូរ ទម្រាំបានលេចចេញជារូបរាងម្តងៗ។ ជាក់ស្តែង ចាន់សាន បាន​ប្រាប់​មក​កាន់ Forwardថា សម្រាប់​គម្រោងខ្លះ​គឺ​លោកត្រូវ​ចំណាយ​ពេល​អស់រហូត ៧ ទៅ ៨ ខែ​ក្នុង​ការ​គូរ​ប្លង់​តែ​ម្យ៉ាង។ បន្ទាប់ពីនោះ គឺត្រូវរង់ចាំ​ដំណាក់​កាល​សាងសង់​ដែល​អាចនឹង​ត្រូវ​ចំណាយ​ពេល ២ទៅ ៣ឆ្នាំ​ទៀត។ សរុបទៅ projectនីមួយៗ គឺអាចនឹងត្រូវ​ប្រើពេល​សរុបពី ៣ទៅ ៤ឆ្នាំ ទើប​ហើយ​រួចរាល់។ នេះជាមូលហេតុដែល ស្ថាបត្យករល្បីៗ ជាទូទៅ​គឺ​មានវ័យចំណាស់ ពីព្រោះទម្រាំ​អាច​កសាងកេរ្តិ៍ឈ្មោះ​បាន​ គឺត្រូវចំណាយពេល​យ៉ាងហោចណាស់​រាប់សិប​ឆ្នាំ។ ចាន់សាន  បានបន្តទៀតថារូបលោកពិតជាមានសំណាង ដែល​ត្រូវ​បានគេ​ឆាប់​ទទួលស្គាល់​ដូច្នេះ។

 

សម្រាប់ប្រទេសកម្ពុជាវិញ ប្រភេទសំណង់អាគារដែលកំពុងទទួលបានការពេញនិយមជាងគេ គឺ​ប្រភេទ​អាគារពាណិជ្ជកម្ម។ ដូច្នេះអតិថិជនភាគច្រើនគឺទាមទារចង់បានអ្វីដែលលឿន។ វាអាចជា​​កត្តា​ដ៍​លំបាក​មួយពីព្រោះ ទាំងស្ថាបត្យករ និងអ្នកទាក់ទងទាំងអស់ អាចនឹងធ្វើការដោយ​មិន​បាន​គ្រប់ជ្រុង​ជ្រោយនៅឡើយ។ ជួនកាលគេព្យាយាមធ្វើអ្វីដែលស្រួលៗ ដើម្បីឲ្យបានលឿន​ដូចចិត្ត​អតិថិជន។ ដូច្នេះវាអាចនឹងធ្វើឲ្យបាត់នូវតម្លៃពិតរបស់វា។

 

ខ្ញុំមិនដែលផ្តោតសំខាន់លើពាក្យថាជោគជ័យឡើយ”

 

លោក ហ៊ុន ចាន់សាន មានចម្លើយខុសពីគេនៅពេលត្រូវបានសួរពីជីវិតជោគជ័យរបស់លោក។ សម្រាប់លោកផ្ទាល់ លោកមិនដែលផ្តោត រឺ​ឲ្យ​និយមន័យថា​ពេលណាមួយ​ជា​ពេល​ដែល​អាច​កំណត់​ថា​លោក​ជោគជ័យនោះទេ។ ផ្ទុយទៅវិញ លោកបានផ្តោត​សំខាន់ទៅ​លើ​គោលដៅ​របស់​លោក​ជំនួស​វិញ ដែលមានដូចជាការជម្រុញឲ្យអ្នកជុំវិញខ្លួនរីកចម្រើន និងការផ្ទេរ​ត្រលប់វិញ​នូវ​ចំនេះដឹង​ដើម្បី​ប្រយោជន៍សង្គម។

លោកយល់ថានៅក្នុងកំឡុងពេលយើងដើរតាមគោលដៅនោះហើយ ជាពេល​ដែលនាំឲ្យ​សមិទ្ធិផល​នានា​លេច​ចេញ​ជា​រូបរាង ហើយអ្នកនៅជុំវិញខ្លួនអាចនិយាយបានថា​វាជា​ភាព​ជោគជ័យ។

 

លោកក៍បានបន្ថែមទៀតថា សម្រាប់ភាពជោគជ័យមិនប្រាកដថាយើងត្រូវតែប្រកាន់ខ្ជាប់នូវ​គោលការណ៍​អ្វី​សម្រាប់ខ្លួននៅគ្រប់ពេលឡើយ។ ពោលគឺលោកយល់ថា ការបត់បែន​តាមកាលៈទេសៈ​ទើបជាការប្រសើរ។ ឯពេលធ្វើខុស ត្រូវហ៊ានទទួលកំហុស ទោះបី​ជា​យើង​មាន​ឋានៈ​ជាចាហ្វាយនាយក៍ដោយ។

 

ចក្ខុវិស័យសម្រាប់ទីក្រុងភ្នំពេញ

 

ស្ថាបត្យករវ័យក្មេងរូបនេះបានឲ្យដឹងថា លោកតែងតែមើលឃើញពីចំណុចល្អៗ​ជា​ច្រើន​របស់​ទី​ក្រុង​ភ្នំពេញ ដែលយើងអាចអភិវឌ្ឍបន្ថែមដើម្បីឲ្យកាន់តែទាក់ទាញ។  « បើសិន​ជា​យើង​ទៅ​ទីក្រុង​ណា​មួយ គេតែងតែមានអ្វីមួយជាចំណាប់អារម្មណ៍ ដូចជាពេលទៅសឹង្ហបូរី គេចូលចិត្ត​និយាយ​ថា​ទៅលេង Orchid road បើទៅ New York គេថាទៅលេងCentral park បើ​នៅស្រុក​ខ្មែរ​យើង​ប្រហែល​ជា​គេ​ទៅ​មាត់​ទន្លេ»។ លោកមានប្រសាសន៍។

 

លោក​បន្តទៀត​ថា៖  « ប៉ុន្តែខ្ញុំគិតថានៅមានកន្លែងល្អៗ​ជា​ច្រើនទៀត​ដែល​យើង​អាច​បង្កើត​បាន​ជា​ការ​ចងចាំ​បានសម្រាប់អ្នកមកទស្សនា ដូចជាតំបន់បឹងកេងកង ដែលយើង​អាច​អភិវឌ្ឍ​វា​ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ចមួយ មានសួនស្រស់ស្អាត គ្មានឡានធ្វើដំណើរទៅមក មនុស្សទាំងអស់​ត្រូវ​តែ​ដើរ ហើយមានដើមឈើធំៗ  មានភោជនីយដ្ឋាន ហាងកាហ្វេ fashion street និងមាន​អ្នក​លក់គំនូរ ជាដើម» ។ លោកសង្ឃឹមថាគម្រោងមួយនេះ នឹង​អាច​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​អនាគត ដើម្បី​ជាមុខមាត់ថ្មីរបស់ទីក្រុងភ្នំពេញ។

 

គម្រោងថ្មីសម្រាប់ថ្ងៃអនាគត

 

ដោយសារតែទឹកចិត្តស្រលាញ់លើការបង្រៀន ស្ថាបត្យករឆ្នើមរូបនេះ​មាន​គម្រោង​នឹង​សហការ​ជាមួយសកលវិទ្យាល័យដ៍ទៃទៀតក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជាវិទ្យាស្ថានមួយ បង្ហាត់​បង្រៀន​លើវិស័យស្ថាបត្យកម្ម។ លោកចាន់សាន ក៍បានឲ្យដឹងដែរថា មានរៀមច្បង និង សិស្សប្អូនស្ថាបត្យករដ៍ទៃទៀត ដែលកំពុងតែលើកតំកើនជំនាញស្ថាបត្យកម្មនេះដែរ។ លោកពិតជាមានភាពសប្បាយរីករាយជាខ្លាំង ដែលបានសហការជាមួយពួកគេ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត៕

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

Pin It on Pinterest