fbpx

ការនិយាយពីជីវិតប្តូរភេទគឺមិនមែនជាប្រធានបទល្អឡើយនៅក្នុងប្រទេសថៃ តែសម្រាប់អ្នកនាង ចាកកាផុង ចាក្រាជុតាធីប (Jakkaphong Jakrajutatip) ជាបុរសកែភេទទៅជាស្រី (transgender) វ័យ៣៨ឆ្នាំ បានឱ្យដឹងថា ការហ៊ាននិយាយជាចំហអំពីជីវិតជាភេទទី៣របស់នាង បានជួយធ្វើឱ្យក្រុមហ៊ុនកម្សាន្តរបស់នាងបានទទួលចំណាប់អារម្មណ៍កាន់តែខ្លាំង ដែលជាកត្តានាំឱ្យអាជីពរបស់នាងទទួលបានភាពជោគជ័យកាន់តែខ្លាំង។

ការទាក់ទាញនេះដោយសារតែនាងបានក្លាយជាតារាល្បី បន្ទាប់ពីនាងធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍ និងទស្សនាវដ្ដីមួយចំនួនស្ដីអំពីជីវិតប្ដូរភេទរបស់នាង ដែលធ្វើសាធារណៈជនមានការចាប់អារម្មណ៍ជាខ្លាំងមកលើនាង ហើយជំនួញរបស់នាងក៏មានមនុស្សស្គាល់កាន់តែច្រើន ក្នុងនោះក៏មានវិនិយោគិនជាច្រើនបានសុំណាត់ជួបដើម្បីចូលរួមវិនិយោគជាមួយនាងផងដែរ។

transgender
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

អ្នកនាង ចាកកាផុង បានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧។ សព្វថ្ងៃ អ្នកនាងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន JKN Global Media Pcl. ដែលជាក្រុមហ៊ុនចែកចាយបន្តនូវកម្មវិធីទូរទស្សន៍ និងភាពយន្តអន្តរជាតិ ពីក្រុមហ៊ុនធំៗដូចជា Walt Disney Co., CBS Corp. និង Sony Corp. ជាដើម។ អ្នកនាងត្រូវបានគេចាត់ទុកថាជាមនុស្សភេទទី៣ ដែលមានតំណែងជា CEO ដំបូងគេបំផុតនៅក្នុងប្រទេសថៃ ឬអាចនៅក្នុងតំបន់ទាំងមូលផងដែរ។

ក្រុមហ៊ុនផ្នែកកម្សាន្តរបស់នាងមានចំណូលកើនឡើងស្មើ ៣ដង បើប្រៀបធៀបនឹងចំណូលកាលពីឆ្នាំ ២០១៤។ ចំណូលប្រចាំឆ្នាំរបស់នាងមានការកំណើនជាង ២០ភាគរយ ហើយកាលពីឆ្នាំ២០១៧ កន្លងទៅ ក្រុមហ៊ុនបានទទួលចំណូលដល់ទៅ ៥.៧លានដុល្លារឯណោះ។

មុនពេលក្លាយជាអ្នកជំនួញ និងជាមនុស្សភេទទី៣មានកេរ្តិ៍ឈ្មោះល្បី អ្នកនាងបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ Bond University of Australia។ នាងមានបំណងចង់ធ្វើឱ្យក្រុមហ៊ុនរបស់នាង ក្លាយជាក្រុមហ៊ុនចែកចាយកម្មវិធីទូរទស្សន៍ និងភាពយន្ត ឬវីដេអូកម្សាន្ត ដែលមានអាជ្ញាប័ណ្ណលំដាប់កំពូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងបទសម្ភាសន៍មួយ អ្នកនាងបាននិយាយថា មុនពេលនាងបើកចំហពីអត្តសញ្ញាណភេទទី៣របស់នាង នាងមិនហ៊ានចេញមុខ និងមិនហ៊ានចូលរួមកម្មវិធីសាធារណៈអ្វីឡើយ ហើយនាងស្ទើរតែគ្មានមិត្តភក្ដិម្នាក់សោះ ក្រៅពីប្អូនស្រីម្នាក់របស់នាង ដែលសព្វថ្ងៃជាជំនួយការសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន។

transgender
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

នៅប្រទេសថៃគ្មានច្បាប់ណាចែងអនុញ្ញាតឱ្យមនុស្សកែភេទអាចផ្លាស់ប្តូរអត្តសញ្ញាណភេទរបស់ខ្លួនក្នុងឯកសារផ្លូវច្បាប់បានទេ។ មនុស្សភេទទី៣តែងទទួលការរើសអើង និងជួបបញ្ហាជាច្រើនក្នុងជីវិតរស់នៅរួមទាំង ផ្នែកសិក្សាអប់រំ សេវាសុខភាព អាជីពការងារ ដោយទទួលបានឱកាសការងារស្ដួចស្ដើងជាងមនុស្សធម្មតា ជាពិសេសក្នុងវិស័យបំរើសេវាកម្ម។ អ្នកកែភេទជាច្រើននៅថៃ ត្រូវបង្ខំចិត្តធ្វើការក្នុងប្រភេទការងារដូចជា អ្នកសម្ដែង ឬអ្នកផាត់មុខ ថែរក្សាសម្ភស្ស ឬផ្នែកសំអាងការជាដើម។ នេះបើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (International labor organization) ចេញផ្សាយកាលពីឆ្នាំ២០១៥។

ហេតុដូចនេះ អ្នកនាង ចាកកាផុង បានក្លាយជាអ្នកតស៊ូស្វែងរកការគាំទ្រដល់ក្រុមមនុស្សកែភេទ(transgender) ជាពិសេសជំរុញឱ្យមានឱកាសការងារកាន់តែច្រើនសម្រាប់ពួកគេ។ ក្រុមហ៊ុនរបស់អ្នកនាងបានទទួលបុគ្គលិកជាមនុស្សភេទទី៣ជាច្រើន និងបានកំពុងជំរុញឱ្យក្រុមហ៊ុនដទៃបើកផ្លូវឱ្យមនុស្សភេទទី៣អាចទទួលបានឱកាសការងារដោយស្មើមុខស្មើមាត់ផងដែរ៕

transgender
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
transgender
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ប្រភព៖ bloomberg

អានបន្ត៖ ទាង បូរិន បោះចោលអាជីពជំនាញគូរប្លង់មកធ្វើជាវិចិត្រករគំនូរស្រមើស្រមៃ

Pin It on Pinterest