កម្ពុជាគឺជាប្រទេសមួយដែលពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានសម្បត្តិវប្បធម៌ និងបេតិកភណ្ឌពិភពលោកដ៏សម្បូរបែប ចាប់ផ្តើមពីសម័យអាណាចក្រអង្គររហូតមកដល់យុគ្គសម័យមាសនៃ ទស្សវត្តទី៥០ និង ៦០។
ហើយជាអាណាចក្រដែលគ្របដណ្តប់ទៅដោយសិល្បៈចម្រុះ វប្បធម៌ និងប្រពៃណីដ៏អស្ចារ្យជាច្រើនដូចជា របាំអប្សរា យីកេ ល្ខោនប្រមោលស្បែកតូចនិងស្បែកធំ របាំប្រជាប្រិយ វង់ភ្លេងប្រពៃណី ស្ថាបត្យកម្មសម័យទំនើប និងតន្រ្តីរ៉ក់ អេន រ៉ូលជាដើម។
ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានចាប់ផ្តើម ហើយធ្វើឱ្យធនធានអ្នកឆ្នើម សិល្បៈករ ក៏ដូចជាសិល្បៈច្រើនត្រូវបានបាត់បង់។
ការស្តារ និង អភិរក្សសិល្បៈខ្មែរ
ក្រោយការរួចផុតពីរបបដ៏ឃោរឃៅ ប្រជាជនកម្ពុជាបានព្យាយាមស្តារឡើងវិញនូវរាល់ការបាត់បង់ ក្នុងនោះដែរសមាគមន៍សិល្បៈដ៏ធំគឺ សមាគមន៍សិល្បៈខ្មែរអមតៈ (Cambodian Living Arts ហៅកាត់ CLA) ដែលបានខិតខំប្រឹងប្រែង ដឹកនាំ និងដើរតួរដ៏សំខាន់ក្នុងការរួមចំនែក អភិរក្ស និងអភិវឌ្ឍន៍ឡើងវិញនូវសិល្បៈដ៏ផូរផង់ទាំងនោះដែលជាអត្តសញ្ញាណជាតិរបស់យើង។
ឆ្នាំនេះដែរគឺជាការគំរប់់ខួប ៤០ឆ្នាំនៃការរួចផុតនៃរបបប៉ុលពត និង២០ឆ្នាំនៃការធ្វើការរបស់សមាគមន៍សិល្បៈខ្មែរអមតៈ បន្ថែមពីនេះទៀតដើម្បីជាការលើកស្ទួយ និងអបអរដល់វប្បធម៌ដ៏មានតម្លៃ CLA នឹងប្រារព្ធវិធីបុណ្យវប្បធម៌យ៉ាងធំមួយដែលមានរយៈពេលដល់ទៅ១០ថ្ងៃឯណោះ!
ការរៀបចំឡើងនូវកម្មវិធី Arts4peace Festival
កម្មវិធីសិល្បៈដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែល CLA រំពឹងថានឹងទទួលបានអ្នកចូលរួមជាអប្បរមាចំនួន៥,០០០នាក់ ក្នុងកំឡុងពេល ១០ថ្ងៃ ដោយ ៧០% ជាយុវជនកម្ពុជា នឹងនាំមកជូនលោកអ្នកដូចជា
ការតាំងពិព័រណ៍នៃ Unsung Heroes of Cambodian Culture (វីរបុរសនៃវប្បធម៌ខ្មែរ), ការប្រគំតន្ត្រីសហគមន៍ ដែលសម្តែងដោយក្រុម The Khmer Magic Music Bus និងលោក អាន ឆនផន (Arn Chorn-Pond), ការចូលរួមសម្តែងដោយក្រុម Bangsokol (បាំងស្គោល) និងកម្មវិធីចំនួនបី ទាក់ទងនិងការបណ្តុះបណ្តាលមុខវិជ្ជាពហុជំនាញផ្នែកផលិត ដោយលោក ប៉ាន់ រិទ្ធី និងហុឹម សុភី ជាដើម។
លើសពីនេះទៅទៀតនៅមានការរួមបញ្ចូលទាំងកិច្ចពិភាក្សានៃការបំផុសគំនិតដែលហៅថា TEDx ផងដែរ ដោយធ្វើការអញ្ជើញសិល្បៈករបីជំនាន់ និងអ្នកអភិរក្សសម្បត្តិវប្បធម៌ឱ្យមកចូលរួមដើម្បីនិយាយអំពីជីវិតរបស់ពួកគាត់ និងពីរបៀបដែលពួកគាត់ប្រើប្រាស់សិល្បៈឱ្យក្លាយទៅជាប្រយោជន៍សម្រាប់សង្គម។
គោលបំណង និងកាលបរិច្ឆេទរបស់កម្មវិធី
ការធ្វើឡើងនេះគឺដើម្បីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទស្សនិកជនដែលចូលរួមឱ្យយល់ដឹងអំពីសិល្បៈដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសង្គមរបស់យើង ជាពិសេសក្នុងរយៈពេល ៤០ ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍។
លោក Jean-Baptiste Phou ជាប្រធានផ្នែកច្នៃប្រឌិតរបស់ CLA បានមានប្រសាន៍ថា ការរៀបចំឡើងនូវព្រឹត្តិការណ៍នេះគឺក្នុងគោលបំណងចង់ឆ្លុះបញ្ចាំង និងជាការក្រឡេកមើលពីពេលវេលាក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះថា តើសិល្បៈនាពេលបច្ចុប្បន្ននេះស្ថិតនៅត្រង់ចំណុចណា? ហើយគុណតម្លៃនៃសិល្បៈនៅក្នុងប្រទេសកម្ពុជាគឺជាអ្វី?
លោកក៏បានបន្ថែមទៀតថា អ្វីដែលពួកលោកកំពុងព្យាយាមធ្វើជាមួយនិង CLA គឺដើម្បីជួយឱ្យប្រជាជនគ្រប់រូបយល់ដឹង និងឱ្យតម្លៃទៅលើសិល្បៈ ជាពិសេសកូនចៅជំនាន់ក្រោយ រីឯកាលបរិច្ឆទនៃកម្មវិធីចាប់ផ្តើមពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា៕
Arts4peace Festival កំពុងធ្វើការស្វែងរកអ្នកឧបត្ថម្ភ និងដៃគូរសហការក្នុងស្រុក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖https://www.cambodianlivingarts.org/arts4peace/.