fbpx

ភ្នំពេញ៖ ស្របពេលដែល​ចំនួន​ភ្ញៀវទេសចរចូល​មក​កម្ពុជា ​និង​ពីកម្ពុជា​ទៅកាន់​បរទេស​មាន​កំណើនជាលំដាប់​​នោះ​ ការវិនិយោគ​លើវិស័យអាកាសចរណ៍​របស់សហគ្រិនក្នុង​ស្រុក ក៏កាន់តែមានចំនួន​កើន​ឡើងជាបន្តបន្ទាប់​ផងដែរ។​ FORWARD ​សូម​បង្ហាញ​នូវក្រុមហ៊ុន​អាកាសចរចំនួន​៨ ដែល​កំពុងប្រតិបត្តិការនៅកម្ពុជា។​

១. ខេមបូឌា អង្គរ អ៊ែរ
ក្រុមហ៊ុន Cambodia Angkor Air បាន​បង្កើតឡើងក្នុង​​​ខែកក្កដា​ ឆ្នាំ​២០០៩​ ដែលជា​ការវិនិយោគរវាង​រដ្ឋាភិបាលកម្ពុជា​​ ក្តាប់​​ភាគហ៊ុន​ ៥១ %​​​​ និង​ក្រុមហ៊ុន​​អាកាសចរណ៍​​វៀតណាម​៤៩%។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​យន្ត​ហោះ​៦គ្រឿង​​កំពុង​ប្រតិបត្តិការហោះ​ហើរនៅកម្ពុជា​។ តាមទិសដៅ ឆ្នាំ២០១២-២០២០ ក្រុមហ៊ុនត្រូវធ្វើការហោះហើរទៅកាន់ ២០ទីក្រុង ក្នុងតំបន់អាស៊ាន ចិន ជប៉ុន និងកូរ៉េ ដោយ ប្រើប្រាស់យន្តហោះសរុបប្រមាណ១៥គ្រឿង​​​។

២.ស្កាយ អង្គរ អ៊ែរឡាញ
ក្រុមហ៊ុន Sky Angkor Airlines ​ត្រូវបានបង្កើត​​ក្នុងខែ​មិថុនា ឆ្នាំ​២០១១​ ដោយ​វិនិយោគរួមគ្នា​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​។ ស្កាយ អង្គរ  ​មាន​មជ្ឈមណ្ឌល​​​ហោះហើរ​នៅ​​អាកាសយានដ្ឋាន​​អន្តរជាតិ​ ខេត្តសៀមរាប​។​ បច្ចុប្បន្ន ​ក្រុមហ៊ុននេះមាន​យន្ត​ហោះចំនួន​ ៩គ្រឿង​បាន​នឹង​កំពុងប្រតិបត្តិការចេញ​ពីខេត្តសៀមរាប ទៅ​ក្រុងព្រះសីហនុ​ និង​គោលដៅ​ធំ​ៗមួយ​ចំនួន​​ទៀត​​ ដូចជា កូរ៉េខាង​ត្បូង​ ចិន​ កោះតៃវ៉ាន ជប៉ុន​ វៀតណាម​ និង​ប្រទេស​​មួយចំនួន​ទៀត​។​

៣. បាសការ អ៊ែរ
Bassaka Air​ ​ គឺជាក្រុមហ៊ុន​ក្នុងស្រុកមួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤​  ដែល​មាន​មជ្ឈមណ្ឌលហោះហើរ​នៅក្នុង​រាជធានីភ្នំពេញ​។ ​បច្ចុប្បន្ន ​ក្រុម​​​ហ៊ុន​មាន​​​​យន្តហោះ​២គ្រឿង​​​ ប្រភេទ​A320។  ​ បាសការ​ អ៊ែរ​ គឺជា​ក្រុមហ៊ុនទទួលបាន​ការវិនិយោគ​ទុកពីក្រុមហ៊ុនចិន​ និង​ក្រុមហ៊ុនក្នុងស្រុក​។​ បាសការ​ អ៊ែរ ដឹក​អ្នកដំណើរ​ និង​ទំនិញ​ ដោយ​ប្រតិបត្តិការហោះហើរចេញពី​ភ្នំពេញ​​ទៅកាន់​ប្រទេស​នៅជុំវិញ​តំបន់​អាស៊ី​។

 ៤.  ជេស៊ី (ខេមបូឌា)  អ៊ិនធើណេសិនណល
JC គឺជា​ក្រុមហ៊ុនវិនិយោគ ដោយ​វិនិយោគិនក្នុងស្រុក១០០ភាគរយ ​​ដែលត្រូវ​បាន​បង្កើតក្នុងខែតុលា ២០១៤ និង​ទទួលបានលិខិត​បញ្ជាក់ការហោះហើរ ព្រមទាំង​បាន​ចាប់ផ្ដើមបើកការហោះហើរជាផ្លូវការក្នុង​ខែមីនា ឆ្នាំ២០១៧។ បច្ចុប្បន្ន​ JC មាន​យន្តហោះ៥គ្រឿង ដើម្បីប្រតិបត្តិការហោះហើរក្នុងស្រុក​ ដោយចេញ​ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងសៀមរាប និងមានជើងហោះ ហើរផ្សេងៗទៀតដែរ​ ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ​។

៥. ឡានម៉ី អ៊ែរឡាញ (Lanmei Airlines)
ក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ត្រូវបានបង្កើតក្នុងឆ្នាំ​២០១៦ ​ ហើយ​​បាន​បើកហោះហើរលើកដំបូង​ ក្នុងខែ​កញ្ញា ឆ្នាំ​២០១៧។​ ទិសដៅ​ហោះហើ​រក្រុមហ៊ុនមួយនេះ​​គឺ​​ ធ្វើដំណើរ​ទៅ​កាន់​​តំបន់ទេសចរណ៍​សំខាន់ៗនៅកម្ពុជា​ និងប្រទេស​មហា​អនុ​តំបន់ទន្លេមេគង្គ។ គិតមកដល់​ខែឧសភា ឆ្នាំ​២០១៨នេះ​ ​ក្រុមហ៊ុន​មានយន្តផ្ទាល់​ខ្លួន​ចំនួន​​៥គ្រឿង​។

៦. Small Planet Airlines
ក្រុមហ៊ុនបានទទួលការអនុញ្ញាត​បើក​ប្រតិបត្តិការ​ពី​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងខែកញ្ញា​ ​ឆ្នាំ​២០១៦ និង​បាន​បញ្ចប់​ការហោះហើរលើកដំបូង​​នៅខេត្តសៀមរាប ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧។ Small Planet បាន​ធ្វើប្រតិបត្តិការ​យន្តហោះចំនួន​២គ្រឿង​ ប្រភេទ A320 ប៉ុន្តែក្រុមហ៊ុននេះក៏​គ្រោងនឹងពង្រីកដល់ ៦ គ្រឿងផងដែរ​ ត្រឹមឆ្នាំ២០២០។ ​

៧.ខេមបូឌា បាយ័ន អ៊ែរឡាញ
ខេមបូឌា ​បាយ័ន ​អ៊ែរឡាញ ​បង្កើត​ឡើងដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក Bayon Holdings និង​ក្រុមហ៊ុន​ Aviation Industry Corporation of China’s Joy Air ដែល​បានបោះទុន​​វិនិយោគ ១០០ លាន​ដុល្លារ  ហើយ​​ត្រូវ​បាន​​បើក​សម្ពោធជាផ្លូវ​ការ​ ក្នុង​ខែ​សីហា ឆ្នាំ​២០១៤ ។ អំឡុងខែនោះ​ ក្រុមហ៊ុន​បាន​ចុះ​ហត្ថលេខា​បញ្ជា​ទិញ​យន្ត​ហោះ MA60 ចំនួន ២០ គ្រឿង​ជាមួយ​ក្រុម​ហ៊ុន Xi’an Aircraft Industry Co., Ltd។

៨. ខេមបូឌា អ៊ែរវ៉េ
ក្រុមហ៊ុន​ ខេមបូឌា អ៊ែរវេ (Cambodia Airways) គឺជា​ក្រុមហ៊ុនក្នុង​ស្រុកមួយ​​ ដែល​បាន​បោះទុនវិនិយោគ​ ២០០លានដុល្លារ​​​ រួមគ្នា​រវាង​ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក​ និងក្រុមហ៊ុន​  Prince International Airlines។ ក្រុមហ៊ុននឹងបើកជើង​ហោះលើក​ដំបូង​របស់ខ្លួន​​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៨ ដោយចេ​ញពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ទៅខេត្ត​សៀមរាប និងកក្រុងព្រះសីហនុ៕​

Pin It on Pinterest