fbpx

កណ្តាល៖ ផ្សារពាណិជ្ជកម្មមួយឈ្មោះ ចេឌូបាយី កម្ពុជា-ចិន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំរការ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃនេះ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន និងលើកកម្ពស់វិស័យទេសចរណ៍ជាតិ។

ក្នុងពិធីសម្ពោធដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត បានថ្លែងថា ផ្សារនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដោយនឹងស្រូបយកទំនិញក្នុងស្រុក ដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការនាំចេញ។

​ចំណែកអនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តស៊ីឈួនប្រទេសចិន លោកស្រី ចាង យីង (Zhang Ying) បានឱ្យដឹងថា ​ការបង្កើតផ្សារនេះ គឺដើម្បីធ្វើគំរូផ្សារលើកដំបូងរបស់ខេត្តស៊ីឈួន នៅក្នុងតំបន់អាស៊ាន សំដៅឆ្លើយតបនឹងគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់រដ្ឋាភិបាលចិន។

កំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ស្តីពីទុនវិនិយោគផ្ទាល់ពីបរទេស(FDI) បង្ហាញថា ពីឆ្នាំ២០០៤ ដល់ខែមិថុនា ឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគពីប្រទេសចិនមានចំនួន ៧២៦ប៊ីលានដុល្លារ ហើយបានឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសដៃគូទាំងអស់។ ទំហំពាណិជ្ជកម្មទ្វេភាគីនៃ​ប្រទេសទាំងពីរ​ក្នុងឆ្នាំ២០១៧ សម្រេចបាន ៥,៨ ប៊ីលានដុល្លារ ក្នុងនោះ ១ប៊ីលានដុល្លារ ជាការនាំចេញរបស់កម្ពុជា និង ៤,៧ប៊ីលានដុល្លារ ជាការនាំចូលពីចិន៕

 

Pin It on Pinterest