fbpx

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group ជាវិនិយោគិនមានកេរ្តិ៍ឈ្មោះ និងជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យ។ ថ្មីៗនេះ លោកក៏បានបោះទុនវិនិយោគគាំពារលើអាជីវកម្មឌីជីថលផងដែរ ដោយដាក់ឱ្យដំណើរការក្រុមហ៊ុនមួយឈ្មោះ OOCTANE ដើម្បីផ្តល់មូលនិធិដល់ក្រុមហ៊ុនទើបដំណើរការ(Startup) ក្នុងវិស័យបច្ចេកវិទ្យា និងដល់សហគ្រាសធុនតូច និងមធ្យម(SME)។
ក្នុងបទសម្ភាសជួបផ្ទាល់ជាមួយ FORWARD លោកបានផ្តល់ដំបូន្មាន៣ សម្រាប់អ្នកដែលចង់ជោគជ័យក្នុងអាជីវកម្ម។

១. ការតាំងចិត្តខ្ពស់ (Strong Commitment) : លោកបាននិយាយថាអ្នកធ្វើអាជីកម្មត្រូវបង្ហាញការតាំងចិត្តខ្ពស់ក្នុងការធ្វើកិច្ចការអ្វីក៏ដោយ ទើបទទួលបានភាពជោគជ័យ។ កង្វះខាតការតាំងចិត្តនឹងធ្វើឱ្យអាជីវកម្មបរាជ័យ។ លោកបានលើកឧទាហរណ៍ថា មនុស្សម្នាក់ដែលចង់ប្តូរទម្លាប់ហាត់ប្រាណនៅក្លិប ដោយសារមានគេ មានឯង មកហាត់ប្រាណនៅផ្ទះ ទាល់តែមានការតាំងចិត្តខ្ពស់។

២. កេរ្តិ៍ឈ្មោះ និងចំណេះដឹង (Reputation and Knowledge) : ដើម្បីកសាងកេរ្តិ៍ឈ្មោះ អ្នកធ្វើអាជីវកម្មត្រូវមានភាពស្មោះត្រង់។ “បើយើងរកស៊ីជាមួយគេ យកមក១០០ យើងស៊ីរបស់គេ៥០ហើយ ថ្ងៃក្រោយគេមិនចង់រកស៊ីជាមួយយើងទៀតទេ”។ នេះជាការពន្យល់របស់លោក។
ចំពោះដឹង គឺរួមមានទាំងភាសាផងដែរ។ អ្នកធ្វើអាជីវកម្មត្រូវចេះភាសាណាដែលពិភពលោកត្រូវការ។ “ចេះតែអង់គ្លេស មិនចេះភាសាផ្សេង។ ដល់ទៅជួបអ្នកផ្សេង ត្រូវការអ្នកបកប្រែ។ អ្វីដែលគេបកប្រែ មិនដូចអ្វីដែលយើងនិយាយខ្លួនឯងទេ”។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា សៀ ឫទ្ធី។

៣. បណ្ដាញការងារ (Networking) : ដើម្បីបង្កើតឱ្យមានបណ្ដាញការងារ អ្នកធ្វើអាជីវកម្មត្រូវចូលរួមសង្គមឱ្យបានច្រើន ដើម្បីសិក្សាស្វែងយល់ថាតើសង្គមបានវិវត្តដល់ណាហើយ។ លោកបានបង្ហាញថា ៖ “គេមានកម្មវិធី Networking នៅនេះ នៅនោះ យើងត្រូវតែចូលរួមឱ្យអស់ ដើម្បីស្វែងយល់ ទី១ ក្រេបយកចំណេះដឹងទូទៅ ទី២ ស្គាល់ថានរណាជានរណា ដើម្បីដឹងថាយើងអាចប្រកបអាជីវកម្មជាមួយគេបានឬអត់”។

  

Pin It on Pinterest